Sunday, September 5, 2010

Mao Chi Channa

Avoid Evil, Do Good and Purify the Mind

Archive for April, 2009

ថ្ងៃវិសាខបូជា

Posted by admin On April - 24 - 2009


វិសាខបូជាគឺជាថ្ងៃប្រកបដោយនក្ខត្តឫក្សដ៏ឧត្តម ជាថ្ងៃដ៏មានមង្គល​ក្នុងប្រតិទិនរបស់ ព្រះពុទ្ធសាសនា។​ថ្ងៃនេះគឺជាថ្ងៃដែលពុទ្ធសាសនិកជន ទាំង ព្រះសង្ឃ ទាំងគ្រហស្ថ បានប្រជុំគ្នា ក្នុងទីបូជនីយដ្ឋាននានា ទូទាំងពិភពលោក មានវត្តអារាមជាដើម ដើម្បីធ្វើការនមស្សការ រំលឹកដល់ថ្ងៃវិសាខបូជានេះ។

បុណ្យវិសាខបូជា សំដៅចំពោះនក្ខត្តសម័យ៣វេលាគឺ

  1. វេលាកាលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត (ថ្ងៃសុក្រពេញបូរមី ខែពិសាខ ឆ្នាំច)
  2. វេលាកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង (ថ្ងៃពុធពេញបូរមី ខែពិសាខ ឆ្នាំរកា)
  3. វេលាកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វាន (ថ្ងៃអង្គារពេញបូរមី ខែពិសាខ ឆ្នាំម្សាញ់)។

នៅថ្ងៃវិសាខបូជានេះពុទ្ធសាសនិកតែងតែរៀបចំតុបតែងគ្រឿងសក្ការៈទាំងឡាយមាន ទៀន ធូប ផ្កាភ្ងី និងគ្រឿងក្រអូបផ្សេងៗ ដើម្បីបូជាដល់ព្រះរតនៈទាំងបី គឺពុទ្ធរតនៈ មួយ ព្រះធម្មរតៈមួយ និងព្រះសង្ឃរតនៈមួយ ដើម្បីទទួលបាននូវសិរីមង្គល​ពោលគឺ សេចក្តីសុខដល់ខ្លួនផងនិងដល់ពួកជាញាតិផង។ ដោយឡែកនៅតាមវត្តអារាម​តែងមានពិធី ជួបជុំគ្នា ដោយមានការដើរទក្សិណព្រះវិហារ និងរៀបចំរំដាប់ គ្រឿងសក្ការៈ នមស្សកា ព្រះរតនត្រៃ ចំរើនព្រះបរិត្ត និមន្តព្រះសង្ឃសំដែងព្រះធម៌ ទេសនា និងមានសូត្ររំលឹក អំពីពុទ្ធប្បវត្តិ និងគុណវិសេសរបស់ព្រះអង្គតាម សទ្ធាជ្រះថ្លា។

សូមរំលឹកដែរថា បុណ្យវិសាខបូជាត្រូវបានទទួលអនុម័តជាថ្ងៃវិសាខអន្តរជាតិ (The United Nations Day of Vesak) របស់អង្គការសហប្រជាជាតិនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៩៩ ដោយកំណត់យកថ្ងៃពេញបូរមីក្នុងខែឧសភារៀងរាល់ឆ្នាំដើម្បីប្រារព្ធ បុណ្យវិសាខបូជា ជាលក្ខណៈអន្តរជាតិនិងរៀបចំដោយអង្គការសហប្រជាជាតិផ្ទាល់ នៅតាមទីកន្លែងនានារបស់អង្គការសហប្រជាជាតិ មានទីស្នាក់ការកណ្តាល របស់អង្គការ សហប្រជាជាតិ(The United Nations Headquarters) ជាដើម។

វិសាខបូជាអន្តរជាតិដំបូងគឺ ប្រារព្ធនៅឆ្នាំ២០០០ នៅទីស្នាក់ការកណ្តាលរបស់​អង្គការសហប្រជាជាតិដែលមាន ទីតាំងនៅទីក្រុងញូវយ៉ក (New York) ហើយបន្តបន្ទាប់មកប្រារព្ធធ្វើនៅប្រទេសថៃ តាំងពីឆ្នាំ២០០៤រហូតមក ចន្លោះតែឆ្នាំ២០០៨ វិសាខបូជាអន្តរជាតិគឺប្រារព្ធឡើង នៅប្រទេសវៀតណាម

Popularity: 75% [?]

 

ព្រះពុទ្ធសករាជព្រះពុទ្ធសាសនា អតិកន្តាកន្លងទៅហើយបាន២៥៥២ ត្រឹមថ្ងៃ១៥កើតខែ ពិសាខ ដល់១រោច ខែពិសាខ ឆ្នាំឆ្លូវ ឯកស័ក តទៅចូលពុទ្ធសករាជ២៥៥៣។

នឹងគណនា ឆ្នាំឆ្លូវ ឥឡូវនេះសង្រ្កាន្តចូលមកនៅថ្ងៃអង្គារ៥រោច ខែចេត្រត្រូវនឹងថ្ងៃទី១៤ខែមេសា គ្រឹស្តសករាជ២០០៩ វេលាម៉ោង១និង៣៦នាទីរំលងអាធ្រាត។ ពេលនោះ ព្រះអាទិត្យចេញពី មីនរាសីទៅឋិតនៅឯមេសរាសីតាមគោវិថី គឺផ្លូវកណ្តាល ទើបមានទេធីតាមួយព្រះអង្គជាមគ្គ នាយិកាព្រះនាម រាក្សសាទេវី ជាបុត្រីទីបីនៃ កបិលមហាព្រហ្មណ គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយ ផ្កាឈូករតន៍ អភរណៈទ្រង់ពាក់កែវមោរា ភក្សាហារ ទ្រង់សោយ លោហិត(ឈាម) ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់ធ្នូទ្រង់គង់ ផ្ទំបិទព្រះនេត្រលើខ្នងសត្វអស្សតរ(សត្វសេះ) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធិតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្ត ហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែ ប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០នាទី(២៤ម៉ោង)។ ទើបនាំយកទៅ តម្កល់ទុកកន្លែងដើមវិញ ហើយជុំទេវបុត្រ ទេវធិតាទាំងមួយសែន កោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែល ជាមាត់គោ ឧសភរាជ ទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឬទ័យហើយនាំគ្នាចូល ទៅសមាទានរក្សាសីលដោយសោមនស្ស រីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់ អពមង្គល ឲ្យជ្រះស្រឡះហើយចម្រើននូវសិរីសួស្តី ជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិង មនុស្សសត្វផងទាំងឡាយ​តាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀង ទៅ។ថ្ងៃអង្គារ៥រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ខែមេសា គ្រឹស្តសករាជ ២០០៩ វេលា ម៉ោង ១និង៣០នាទី ជាថ្ងៃចូលឆ្នាំឆ្លូវ ឯកស័ក។
 
ថ្ងៃពុទ្ធ៦រោច ខែចេត្រត្រូវនឹងថ្ងៃទី១៥ខែមេសា គ្រឹស្តសករាជ២០០៩ ជាវរៈវ័នបត។ លុះព្រហស្បតិ៍៧រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៦ខែមេសា គ្រឹស្តសករាជ២០០៩ នៅវេលាម៉ោង ៥និង០៦នាទី០០វិនាទីជាវរៈឡើងស័ក គម្រប់ជាសង្រ្កាន្ត បីថ្ងៃស្រេចបរិបូណ៌ចូលជាសកលឆ្នាំឆ្លូវ ឯកស័ក ចុល្លសករាជ១៣៧១ តទៅ។
 
ក្នុងឱកាស សង្រ្កាន្តទាំងបីថ្ងៃ សូមអស់ ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំ ពលិការគ្រឿងសក្ការ បូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធិតាឆ្នាំថ្មី ហើយខំ លះបង់ចិត្តអាក្រក់ អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគំគួន ព្យាបាទឈ្នានីសដែលកើត មានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្ត ប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យ សន្ទរ៍ទានតាម ប្រពៃណីរក្សាសីល ប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតា នឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គលវិបុលសុខគ្រប់ប្រការ តាំងពី ឆ្នាំថ្មីនេះតរៀងទៅ៕៚

 

 

Popularity: 58% [?]