Sunday, September 5, 2010

Mao Chi Channa

Avoid Evil, Do Good and Purify the Mind

ទៀនវស្សា

Posted by admin On August - 7 - 2009

ទៀនវស្សានេះ ឧបាសកឧបាសិកា ធ្វើដើម្បី ព្រះសង្ឃអុជថ្វាយព្រះរតនត្រ័យ អស់ បីខែ ទៀនវស្សានេះមានទទឹងមាត់មួយតឹក និងកំពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ នៅ គល់ទៀនខាងក្រោមមានជើងទ្រ ធ្វើដោយឈើមានក្បាច់ត្របក ឈូក តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដូង ឬប្រេងសណ្តែក ដាក់ ប្រឆេះអុជ គឺមិនអុជទៀនផ្ទាល់ទេ ព្រោះក្រែង ទៀននោះឆេះឆាបអស់មុនពេល ចេញព្រះវស្សា ។ អ្នកខ្លះយកផ្កាមាស ធ្វើដោយស្ពាន់ក្រាប់ ទៅបិទជាលម្អលើតួទៀន ក៏មាន ។ របៀបធ្វើទៀនវស្សានេះ មានរចនាច្រើនបែបណាស់ តាមការនិយមរបស់ អ្នកស្រុក ។ បច្ចុប្បន្នគេនិយមប្រើទៀនក្រមួនលាយ ឬក៏ប្រើ ចង្កៀងប្រេងកាត សំរាប់ អុជថ្វាយព្រះរតនត្រ័យ គឺមិនសិតទៀនដោយក្រមួនឃ្មុំសុទ្ធទៀត ទេ ព្រោះវារកបាន ដោយកម្ររ ។ ហើយការអុជទៀនវស្សានេះ គឺអុជរហូតក្នុងរយៈពេល ៣ខែមិនឱ្យ រលត់ក្នុង ខណៈពេលណាមួយឡើយ ។

vassa_history1

ទំនៀមទំលាប់ធ្វើទៀនវស្សាបូជាព្រះ ក្នុងពេលចូលព្រះវស្សានេះ ពុំមាននិយាយក្នុង គម្ពីរព្រះពុទ្ធសាសនា (ព្រះត្រៃបិដក) ទេ ប៉ុន្តែមាននិយាយនៅក្នុងសាស្រ្តាអានិសង្ស ទៀនវស្សា ដែលខ្មែរយើងនិយមសំដែងនៅពេល ចូលព្រះវស្សានេះឯង ។ គម្ពីរនេះពុំមានដាក់ឈ្មោះ អ្នកតែង ហើយមិនដឹងជាតែងក្នុងរាជ្យណាដែរ ។ ឯសេចក្តីក្នុងសាស្រ្តានេះ ដំណាលថា កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់ធរមាននៅ ឡើយ មានបុរសកំសត់ម្នាក់ រកស៊ីកាប់អុសជាមុខរបរប្រចាំថ្ងៃ ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំ មួយធំ លោតចេញពីរូងថ្មមួយរៀងរាល់ថ្ងៃ ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់ ក៏ដើរទៅមើល ហើយឃើញសុទ្ធតែ អាចម៍ខ្លាឃ្មុំ ហើយក៏វេចយកមកបង្ហាញ អ្នកជិតខាងឱ្យជួយមើល ។ អ្នកជិតខាងប្រាប់ថា​ « អាចម៍ខ្លាឃ្មុំនេះ គេតែងយកមកស្ងោរធ្វើ ក្រមួន ធ្វើទៀនអុច ចូរអ្នកទៅ យកឱ្យច្រើនមក »​។ បុរសកំសត់នោះនឹកគិតថា « ចុះបើអាចម៍ខ្លាឃ្មុំនេះ គេអាចយកមកធ្វើជាទៀនអុជបាន តើគេអាចយកទៀននោះ ទៅអុជជាគ្រឿង សក្ការបូជាចំពោះ ព្រះពុទ្ធអង្គបានឬទេ ?» ឬមួយ ជាការមិនគួរគប្បី ព្រោះទៀននេះ ធ្វើអំពីសំណល់មិនស្អាត(អាចម៍) បែបនេះ ? ពេលដែលបុរសនោះកំពុងនឹក សង្ស័យ មិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់តែឃើញព្រះមហា រោហន្ទ ត្ថេរ និមន្តមកដល់ ក៏ទូលសួរលោកតាមដំណើរ ។ ព្រះមហារោហន្ទត្ថេរមានពុទ្ធដីកាថា « ជាការប្រសើរណាស់» ។ លុះបុរសនោះធ្វើបានជាទៀនច្រើនហើយ ក៏នាំយកទៅ ថ្វាយព្រះ មានបុណ្យ ។ ព្រះមហារោហន្ទត្ថេរដែលជាអ្នកដឹកនាំទៅនោះ បានទួលព្រះអង្គថា « បពិត្រព្រះអង្គដ៏ចំរើន បុរសនោះបានទៅយកអាចម៍ ខ្លាឃ្មុំមកស្ងោរយកក្រមួន លញ់ជា ទៀនយកមកអុជបូជាព្រះអង្គ ហើយសង្ស័យថា ក្រែងពុំបានផលានិសង្សអ្វីទេដឹង ទើបខ្ញុំ ព្រះអង្គនាំគាត់ចូលមកនេះ » ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា « ម្នាលអាវុសោអើយ! បុរស នេះនឹងត្រូវបាន ទទួលផលានិសង្សច្រើនប្រការ ប្រាថ្នាអ្វីសឹងបានដូចបំណងទាំងអស់ » ។ បុរសនោះស្តាប់ហើយត្រេកអរក្រៃលែង ។

នៅពេលដែលបុរសយកទៀនទៅថ្វាយព្រះពុទ្ធអង្គនោះ អានិសង្សបុណ្យកុសលនេះ បាន បណ្តាលឱ្យក្តៅក្រហាយដល់ព្រះឥន្រ្ទាធិរាជ ។ ព្រះឥន្រ្ទាធិរាជទ្រង់បើកទិព្វចក្ខុ មើលមក ឃើញបុរសកំសត់កំពុងប្រាថ្នាកុំឱ្យក្រលំ បាកនិងកុំឱ្យកំព្រីកំព្រា ដូចជាតិ នេះទៀត ក៏ប្រើ ព្រះវិស្សកម្មទេវបុត្រឱ្យទៅជប់ជាប្រាសាទមាស ប្រាសាទប្រាក់ ឃ្លាំងមាស ឃ្លាំងប្រាក់ ព្រមទាំងសួនប្រកបដោយដើមឈើពេញទៅដោយ ផ្កាផ្លែគ្រប់ ពណ៌យ៉ាងល្អ មានទាំងអ្នក គាល់បំរើច្រើនត្រៀបត្រា ពុំមានខ្វះកន្លះអ្វីឡើយ ។ លុះបុរសត្រឡប់ពីវត្តជេតពនវិញ រកខ្ទមស្លឹកមិនឃើញ ហើយបែរជាឃើញ ឯប្រាសាទភ្លឺ រន្ទាលឆ្អិនឆ្អៅទៅវិញ ក៏ភ័យណាស់រត់ទៅទួល ព្រះមហារោហន្ទត្ថេរ ។ ព្រះថេរៈមានពុទ្ធដីកា ថា « ចូរអ្នកឡើងទៅនៅចុះ ព្រោះជាលទ្ធផលនៃ បុញ្ញកម្មរបស់អ្នកហើយ » ។

ដោយសារមានរឿងនិទានដូចនេះហើយ បានជាខ្មែរយើងនិយមសិតទៀនវស្សា បូជាព្រះនៅ ពេលព្រះសង្ឃចូលព្រះវស្សា ជាប្រពៃណីតរៀងមក។

ឯកសារយោង៖ សៀវភៅកម្ពុជសុរិយា ទំព័៤៨ បោះពុម្ពឆ្នាំទី៤៩ លេខ២ ខែមេសា-ឧសភា- មិថុនា ពុទ្ធសករាជ២៥៣៩ គ្រឹស្តសករាជ១៩៩៥ ។

Popularity: 48% [?]

ថ្ងៃវិសាខបូជា

Posted by admin On April - 24 - 2009


វិសាខបូជាគឺជាថ្ងៃប្រកបដោយនក្ខត្តឫក្សដ៏ឧត្តម ជាថ្ងៃដ៏មានមង្គល​ក្នុងប្រតិទិនរបស់ ព្រះពុទ្ធសាសនា។​ថ្ងៃនេះគឺជាថ្ងៃដែលពុទ្ធសាសនិកជន ទាំង ព្រះសង្ឃ ទាំងគ្រហស្ថ បានប្រជុំគ្នា ក្នុងទីបូជនីយដ្ឋាននានា ទូទាំងពិភពលោក មានវត្តអារាមជាដើម ដើម្បីធ្វើការនមស្សការ រំលឹកដល់ថ្ងៃវិសាខបូជានេះ។

បុណ្យវិសាខបូជា សំដៅចំពោះនក្ខត្តសម័យ៣វេលាគឺ

  1. វេលាកាលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត (ថ្ងៃសុក្រពេញបូរមី ខែពិសាខ ឆ្នាំច)
  2. វេលាកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង (ថ្ងៃពុធពេញបូរមី ខែពិសាខ ឆ្នាំរកា)
  3. វេលាកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វាន (ថ្ងៃអង្គារពេញបូរមី ខែពិសាខ ឆ្នាំម្សាញ់)។

នៅថ្ងៃវិសាខបូជានេះពុទ្ធសាសនិកតែងតែរៀបចំតុបតែងគ្រឿងសក្ការៈទាំងឡាយមាន ទៀន ធូប ផ្កាភ្ងី និងគ្រឿងក្រអូបផ្សេងៗ ដើម្បីបូជាដល់ព្រះរតនៈទាំងបី គឺពុទ្ធរតនៈ មួយ ព្រះធម្មរតៈមួយ និងព្រះសង្ឃរតនៈមួយ ដើម្បីទទួលបាននូវសិរីមង្គល​ពោលគឺ សេចក្តីសុខដល់ខ្លួនផងនិងដល់ពួកជាញាតិផង។ ដោយឡែកនៅតាមវត្តអារាម​តែងមានពិធី ជួបជុំគ្នា ដោយមានការដើរទក្សិណព្រះវិហារ និងរៀបចំរំដាប់ គ្រឿងសក្ការៈ នមស្សកា ព្រះរតនត្រៃ ចំរើនព្រះបរិត្ត និមន្តព្រះសង្ឃសំដែងព្រះធម៌ ទេសនា និងមានសូត្ររំលឹក អំពីពុទ្ធប្បវត្តិ និងគុណវិសេសរបស់ព្រះអង្គតាម សទ្ធាជ្រះថ្លា។

សូមរំលឹកដែរថា បុណ្យវិសាខបូជាត្រូវបានទទួលអនុម័តជាថ្ងៃវិសាខអន្តរជាតិ (The United Nations Day of Vesak) របស់អង្គការសហប្រជាជាតិនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៩៩ ដោយកំណត់យកថ្ងៃពេញបូរមីក្នុងខែឧសភារៀងរាល់ឆ្នាំដើម្បីប្រារព្ធ បុណ្យវិសាខបូជា ជាលក្ខណៈអន្តរជាតិនិងរៀបចំដោយអង្គការសហប្រជាជាតិផ្ទាល់ នៅតាមទីកន្លែងនានារបស់អង្គការសហប្រជាជាតិ មានទីស្នាក់ការកណ្តាល របស់អង្គការ សហប្រជាជាតិ(The United Nations Headquarters) ជាដើម។

វិសាខបូជាអន្តរជាតិដំបូងគឺ ប្រារព្ធនៅឆ្នាំ២០០០ នៅទីស្នាក់ការកណ្តាលរបស់​អង្គការសហប្រជាជាតិដែលមាន ទីតាំងនៅទីក្រុងញូវយ៉ក (New York) ហើយបន្តបន្ទាប់មកប្រារព្ធធ្វើនៅប្រទេសថៃ តាំងពីឆ្នាំ២០០៤រហូតមក ចន្លោះតែឆ្នាំ២០០៨ វិសាខបូជាអន្តរជាតិគឺប្រារព្ធឡើង នៅប្រទេសវៀតណាម

Popularity: 75% [?]